ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាង សាកលវិទ្យាល័យ Sahmyook នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចូលជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាង សាកលវិទ្យាល័យ Sahmyook នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត HaeJong Je សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Sahmyook, ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងភាគីពាក់ព័ន្ធមកពីអង្គភាពទាំងពីរជាច្រើនរូប។
គោលបំណងនៃអនុស្សរណៈយោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យ Sahmyook និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង គឺដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើផ្នែកសិក្សា និងស្រាវជ្រាវ ជាពិសេសលើកកម្ពស់ការ (១)អភិវឌ្ឍវិជ្ជាជីវៈគ្រូឧទ្ទេស និងគរុនិស្សិតលើកការផ្ដល់ប្រឹក្សាសុខភាពផ្លូវចិត្តរបស់សិស្សានុសិស្ស (២) ការបណ្ដុះសមត្ថភាពគរុនិស្សិត និងសិស្សានុសិស្សលើការការពារការញៀនទូរសព្ទ (៣) ការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងE-library (៤) ការអភិវឌ្ឍសមត្ថភាពផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់ AI របស់គ្រូឧទ្ទេស និងគរុនិស្សិត (៥)ការផ្លាស់ប្ដូរកម្មសិក្សាគរុកោសល្យរវាងគរុនិស្សិត (៦) ការអភិវឌ្ឍកម្មវិធីសិក្សានិងដេប៉ាតឺម៉ងចិត្តវិទ្យា (៧)ការគាំទ្រការសិក្សាស្រាវជ្រាវ និងចែករំលែកស្នាដៃស្រាវជ្រាវនិងឯកសារផ្សេងៗ ដើម្បីគាំទ្រដល់ការអប់រំ និងការស្រាវជ្រាវ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា និងជំហានសំខាន់ក្នុងការពង្រឹងភាពជាដៃគូរបស់ប្រទេសទាំងពីរលើវិស័យអប់រំ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ Sahmyook សម្រាប់ការគាំទ្រមិនឈប់ឈរក្នុងការពង្រឹងវិស័យអប់រំកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងការបង្កើនការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងបញ្ហាការញៀនទូរស័ព្ទវ័យឆ្លាតក្នុងចំណោមយុវជន ដែលជាបញ្ហាដ៏សំខាន់មួយ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានចូលរួមអបអរសាទរនូវឈ្មោះកេរ្តិ៍ដំណែលរបស់សាកលវិទ្យាល័យ Sahmyook ក្នុងរយៈពេល១២០ឆ្នាំមកនេះ និងបានវាយតម្លៃខ្ពស់ចំពោះការរួមបញ្ចូលបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតតាមបរិបទឧស្សាហកម្ម៤.០ ជាពិសេសបានការរៀបចំសិក្ខាសាលានៅក្នុងខេត្តបាត់ដំបង អំពីការញៀនទូរស័ព្ទ កម្មវិធីបណ្តុះបណ្តាលជំនាញ IT និងInternet ក៏ដូចជាសកម្មភាពវប្បធម៌កូរ៉េជាដើម ដោយទាំងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ Sahmyook ក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍធនធានមនុស្ស និងពង្រឹងចំណងសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំជាមួយកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តាងនាមក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីទាំងពីរដែលសម្រេចបាននូវកិច្ចសហប្រតិបត្តិការនេះ និងជឿជាក់ថា ភាពជាដៃគូបច្ចុប្បន្នរវាង BTEC និង Sahmyook University នឹងផលិតបាននូវលទ្ធផលដ៏ល្អប្រសើរក្នុងការចែករំលែកឧត្តមភាពសិក្សា កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ការផ្លាស់ប្តូរគរុនិស្សិតនិងបុគ្គលិកអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្លាស់ប្តូរវប្បធម៌ និងការអភិវឌ្ឍកម្មវិធីដែលដោះស្រាយបញ្ហាចំពោះមុខ ដូចជាការអប់រំឌីជីថល ចិត្តវិទ្យាអប់រំ និងសុខភាពផ្លូវចិត្តដែលកំពុងប្រឈមមុខនឹងពិភពលោកដោយមានភាពមិនច្បាស់លាស់ និងបញ្ហាសង្គម-សេដ្ឋកិច្ច រួមទាំងបច្ចេកវិទ្យាផងដែរ៕
ប្រភព ៖ គែហទំព័រឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
Facebook's post below:
ភ្ជាប់ទំនាក់ទំនងជាមួយពួកយើង
📞 +855-92 582 772 / +855-86 858 570
📩 info@btec.edu.kh
Telegram Channel: t.me/btecnews
Youtube Channel: https://www.youtube.com/@BTECMedia









